Tuesday, March 21, 2017

ទូបើក​លុយ​​ATM​ នៅតាម​ទីសាធារណៈ​ទាំងអស់ ​ប្រឈម​នឹង​ការលុបបំបាត់ចោល​ទាំងស្រុង​

·   0


ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​លោកប៉ា សុជាតិ​វង្ស​ បាន​បញ្ជាក់ថា ទូបើក​លុយ​ATM នៅតាម​ទីសាធារណៈ​ទាំងអស់​របស់​ធនាគារ​ឯកជន​ប្រឈមមុខ​នឹង​ការលុបបំបាត់ចោល​ទាំងស្រុង ដោយសារតែ​មិនមាន​អ្នកការពារ​ និង​មើលថែ​ឲ្យមាន​សុវត្ថិភាព បណ្ដាលឲ្យមាន​បទល្មើស បង្ក​អសន្តិសុខ​ដល់​សង្គម​។​

លោកប៉ា សុជាតិ​វង្ស​បានបញ្ជាក់​បែបនេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ប្រជុំ​ពី​មន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់អាវុធ​ទាំង​២ប្រ​ភេទ មន្ទីរ​ពាក់ព័ន្ធ ​និង​ស្ថាប័ន​តុលាការ​ផងដែរ សំដៅ​ធ្វើ​យ៉ាង​អនុវត្ត​ឲ្យបាន​នូវ​គោលនយោបាយ​ទាំង​៩​ចំណុច​របស់​ភូមិ សង្កាត់​មាន​សុវត្ថិភាព ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​។​

លោកប៉ា សុជាតិ​វង្ស ​បាន​មានប្រសាសន៍ថា ទូដកលុយ​ATM គួរតែ​លុបបំបាត់ មិនឲ្យ​ដាក់​នៅតាម​ទីសាធារណៈ​នោះទេ បើ​មិនមាន​អ្នកការពារ អ្នក​មើលថែ បង្កឲ្យមាន​បទល្មើស តែ​ទូបើក​លុយ​នេះ បើ​អាច​ចល័ត​បាន​អនុញ្ញាត ដូច្នេះ​ទេ​មន្ត្រី​និង​សមត្ថកិច្ច​យើង​ត្រូវ​សិក្សា​រួមគ្នា​មួយ ដើម្បី​លុបបំបាត់ ដោយ​លោក​លើកឡើងថា ការផ្ទុះ​ទូATM​នៅមុខ​ពេទ្យ​កុមារ​ជាតិ​វា​ជា​រឿង​មួយ​ថ្មី ដែល​ក្នុងនាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវតែ​បង្ការ​ និង​ទប់ស្កាត់​កុំឲ្យ​កើតឡើង​ទៀត។​ នេះ​វា​ផ្ទុះ​តែមួយ​ទូចុះបើ​ទូទាំង​អស់​នៅតាម​ទីសាធារណៈ​ត្រូវបាន​ក្រុម​ជនល្មើស​ដាក់​បំផ្ទុះ​នោះ​វា​នឹង​បង្កចលាចល​ពេញ​ក្រុង​ទៅហើយ​ទេ។​ ដូច្នេះ​ទេ​ត្រូវតែ​សិក្សា​រួមគ្នា​មួយ​ឲ្យ​ច្បាប់​មុននឹង​ឈានដល់ការលុបបំបាត់ចោល​ ទូបើក​លុយ​ATM​ នៅតាម​ទីសាធារណៈ​ទាំងអស់នេះ​។​
គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១២​​និង​៤៥​នាទី ​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ ​មាន​ការភ្ញាក់ផ្អើល​ឡើង​មួយ​ បាន​កើតឡើង​ដោយ​ជនសង្ស័យ​ម្នាក់​បានដាក់​បំផ្ទុះ​ទូ​​បើក​លុយ​ATM ​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក បណ្តាលឲ្យ​ម៉ាស៊ីន ATM ដក​លុយ​របស់​ធនាគា​រ​កាណាឌីយ៉ា ​បែកបាក់​ផ្ទុះ​កញ្ចក់​ប៉ើង​ចេញមកក្រៅ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិនទាន់​បែក​ដល់​កន្លែង​ដែល​ផ្ទុក​លុយ​នោះទេ​។​
ជុំវិញ​ហេតុការណ៍​ខាងលើនេះ ក្រោយពី​សមត្ថកិច្ច​មូល​ដ្ឋា​ន គ្រប់​ជំនាញ​ពិនិត្យ​កោសល្យ​វិច្ច័យ​ និង​ស៊ើបអង្កេត​រួចមក ទើប​ដឹងថា មាន បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា ជា​អ្នកធ្វើ​សកម្មភាព​បំផ្ទុះ​ទូ​ATM នេះ​តែម្តង។ ការសង្ស័យ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​សមត្ថកិច្ច​បាន​ពិនិត្យឃើញ​នៅក្នុង ​កាមេរ៉ា នៅ​កន្លែងកើតហេតុ បាន​បង្ហាញថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ គឺជា​ជនសង្ស័យ​ទី​១ ដែល​បំផ្ទុះ​ទូ​ ATM​នេះ​។​
លោកប៉ា សុជាតិ​វង្ស​ បានដាក់​ការសង្ស័យ​លើ​ករណីនេះ​ថា ជនសង្ស័យ​អាចមាន​ចេតនា​ចង់បាន​លុយ​ពី​ទូ​​ដាក់​លុយ​ATM​នេះ តែ​ក្រោយ​ការផ្ទុះ​ហើយ​នៅមាន​ឮ​សំឡេង​រោទ៍ ម្យ៉ាង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ហើយ​សមត្ថកិច្ច​ក៏​មកដល់​ដែរនោះ ទើប​ជនសង្ស័យ​ម្នាក់​នោះ​គេចខ្លួនបាត់​តែម្តង។
ប្រភព កម្ពុជាថ្មី ដេលី


Subscribe to this Blog via Email :